រតនះគិរី៖ កម្លាំងអាវុធហត្ថស្រុកកូនមុំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។

ហេតុការណ៍ប្រើអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង២នឹង១០នាទីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរខ្វេះ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនះគិរី ។

មន្ត្រីកងរាជអាវុធស្រុកកូនមុំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រាក់ ភារុន ភេទប្រុស អាយុ ៤៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ១ អូរខ្វេះ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ជនសង្ស័យបានយកគល់ឫស្សីខ្លី មកវាយទៅលើជនរងគ្រោះ បណ្តាលឲ្យសន្លប់ រួចហើយថែមឲ្យស្លាប់តែម្ដង។

មន្ត្រីដដែល បន្តថា ជនរងគ្រោះផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយបានធ្វើបាបនឹងវាយប្រពន្ធរបស់ខ្លួន ឪពុកក្មេកឃើញសុភាពរបស់កូនប្រសាបែបនេះ ក៏មកជួយអន្តរាគមន៍ ហើយ​ខឹងសម្បារយ៉ាងខ្លាំង ក៏ទាញដំបងគល់ឫស្សីមកវាយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះ ចាន់ ដឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុ កម្លាំងប៉េអឹមស្រុកកូនមុំ បានចុះមកកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែក សមត្ថកិច្ចជំនាញបានធ្វើកោសលវិច័យលើសាកសព ហើយបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕