ព្រះសីហនុ៖ ជនសង្ស័យចំនួន២នាក់ ជាបងប្អូនភ្លោះត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ តាមបង្ក្រាប និងចុះវាយខ្នោះភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីបុរសជនជាតិចិនម្នាក់ កំពុងដើរលើថ្នល់ ជាមួយមិត្តភក្តិចំនួន៦នាក់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចំណុចមុខភោជនីយដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ វេលាម៉ោង២០៖៣០នាទីនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ XIONG CAO អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ EC ០៨៨៧៣៨៨ ស្នាក់នៅ សណ្ឋាគារ ជីងតាវ ស្ថិតនៅក្រុមទី២២ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងនោះសម្ភារបាត់បង់ រួមមាន៖ កាបូបយួរដៃ១, ពណ៌ទឹកប៉ិច១, កុំព្យូរទ័រយួរដៃ១គ្រឿង, លុយ១០០ដុល្លារ លិខិតឆ្លងដែន៣ច្បាប់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងជំនាញផែនព្រហ្មទណ្ឌបានចេញប្រតិបត្តិការ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានទាំងស្រុងដោយចាប់បានជនសង្ស័យចំនួន២នាក់ (បងប្អូនភ្លោះ) រួមមាន៖

ទី១៖ ឈ្មោះ សោម រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហ្គោបូ ស្នាក់នៅអាគារបុគ្គលិកក្រោយ អិល វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
ទី២៖ ឈ្មោះ សោម រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហ្គោបូ ស្នាក់នៅអាគារ បុគ្គលិកក្រោយ អិល វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ៕