ភ្នំពេញៈ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងបរហែល ៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​មុខផ្ទះ​លេខ​៣៧៣Eo ផ្លូវ​លេខ១២៨ ក្រុមទី៣២ ភូមិ៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ស្រ្តីរងគ្រោះ ពុំបាន​ស្គាល់​អត្តសញ្ញាណទេ ភេទ​ស្រី អាយុ​ប្រហែល៧៥ឆ្នាំ ជនជាតិខ្មែរ មាន​ភិនភាគ សម្បុរ​សណ្ដែកបាយ, កម្ពស់​ប្រហែល១ម៉ែត្រ៥៥, ពាក់អាវ​ខៀវ​ក្រឡាតូចៗដៃ​វែង, ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង, ក្បាលមាន​ជូត​ក្រមា​ក្រឡា​ការ៉ូ​ពណ៌​ស-ក្រហម។ បើតាម​សំដី​របស់​ឈ្មោះ ហម ច័ន្ទ​រិ​ទ្ធ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​សំលៀកបំពាក់ ផ្ទះ​លេខ៣៧៣ ផ្លូវ លេខ១២៨ ក្រុម ទី៣២ ភូមិ៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក រា​ធានី​ភ្នំពេញ បាន​អះអាងថា នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រហែល៩៖០៥នាទី រូប​ខ្លួន​បាន​បើករថយន្ត​ចេញពីផ្ទះ​មក​បើកហាង​លក់​សំលៀកបំពាក់​យីហោ HARA ដើម្បី​លក់ ស្រាប់តែ​មកដល់​ក៏​ឃើញ​មនុស្ស​ស្រី​ចំណាស់​ម្នាក់ អាយុ​ប្រហែល៧៥ឆ្នាំ​ជនជាតិខ្មែរ បាន​ដើរមក​តាម​បណ្ដោយ​ផ្លូវ​លេខ១២៨ ពី​កើ​តទៅ​លិច​ពេលមកដល់​ចំណុច​មុខ​ហាង​លក់​សំលៀកបំពាក់​របស់ខ្លួន ស្រាប់តែ​ដួល​ដាច់​ថ្ងា​មក​ក្រោយ​ទៅលើ​ចិញ្ចើមផ្លូវ​មុខ ហាង​ខ្លួន ភ្លាមនោះ​ខ្លួន​ក៏​ចុះ​ពីលើ​រថយន្ត​មកជួយ​តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ហើយ។

ក្រោយសមត្ថកិច្ចនិងគ្រូពេទ្យ​កោសល្យវិច័យ រាជធានី​ភ្នំពេញ ប្រាប់ថា​ជនរងគ្រោះ​ស្លាប់​បណ្ដាលមកពី​ការ​គាំងបេះដូង​ស្លាប់ ។ បច្ចុប្បន្ន សព​បាន​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕