ខេត្តកណ្ដាល៖ នគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចាប់ជនជួញដូរនូវសារធាតុញៀន ជាស្ត្រីម្នាក់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧  នៅចំណុចភូមិពោធិមៀវ ឃុំគគីរធំ  ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ចន្ទី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងខណៈពេលចុះល្បាតនៅចំណុចខាងលើ ហេីយក៏ប្រទះឃើញស្ត្រីជាជនសង្ស័យកំពុងឈរម្នាក់ឯងនៅមុខក្លោងទ្វាវត្តគគីរធំ (ហៅវត្តចាស់)ហេីយក៏ឆែកឆេររកឃើញថ្នាំញៀនចំនួន០៧កញ្ចប់(តូច០៦កញ្ចប់ ធំ០១កញ្ចប់) ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅត្រង់មុខការ៉ាស់សាំង តូតាល់ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលបានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់ ៕