ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយបានកើតឡើងដោយសាររថយន្ដដឹកទំនិញធុនធំបានបុកជាមួយរថយន្តទួរីស ដែលឈប់ចតស្ងៀម បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ០១គ្រឿង ស្រាល០១គ្រឿង តែសំណាងល្អ មិនបណ្ដាលរងរបួសដល់មនុស្សឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥.០០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា ឈ្មោះ សាំង ស៊ីន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល បានបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4A-2200 ប្រភេទសណ្ដោងរ៉ឺម៉ក មានទិសដៅពីត្បូងទៅជើង ( ជ្រៃធំ-តាខ្មៅ ) នៅពេលមកដល់ចំណុចខាងលើ បានងោក ងងុយដេក ស្រាប់តែរេចង្កូតទៅបុករថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-3087 ដែលឈប់ចតស្ងៀម លើចិញ្ចើមផ្លូវ របស់ឈ្មោះ ជ័យ ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់តាស៊ី មានទីលំនៅភូមិ ឃុំកើតហេតុ ខាងលេីបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ករណីនេះសមត្ថកិច្ចជំនាញបានចុះវាស់វែងនិងធ្វើកំណត់ហេតុ តែភាគីរថយន្តរងគ្រោះសំណូមពរអោយទុកធ្វើការដោះស្រាយដោយខ្លួនឯង ៕