ខេត្តពោធិ៍សាត់ ៖ ស្ត្រីចំណាស់វ័យ ៥៤ឆ្នាំម្នាក់ ជិះម៉ូតូបុកគោយន្តកែឆ្នៃដាក់ម៉ាស៊ីនកិនស្រូវ ដែលឈប់ស្ងៀម បណ្តាលឱ្យរងរបួសបាក់ភ្លៅម្ខាង ដែល​ឧបទ្ទវហេតុនេះ កើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទី ថ្ងៃត្រង់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងជើងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុមានគោយន្តកែឆ្នៃដាក់ម៉ាស៊ីនកិនស្រូវ ១គ្រឿង ពណ៌បៃតង ឈប់ស្ងៀមនៅលើចិញ្ចើមផ្លូវ មួយសន្ទុះក្រោយមក ស្រាប់តែមានស្ត្រីវ័យចំណាស់ម្នាក់ជិះម៉ូតូធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-2548 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តកែឆ្នៃកិនស្រូវយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីវ័យចំណាស់រូបនោះ រងរបួសបាក់ភ្លៅម្ខាង។

នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកបាកាន លោកវរសេនីយ៍ត្រី ព្រំ តូរ៉ា បានប្រាប់ឱ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងបញ្ជូនជនរងគ្រោះឈ្មោះ ហ៊ុន រ៉ុម ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិក្តីស្នួល ឃុំត្រពាំងជង ស្រុកបាកាន ​ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន។​

ចំពោះវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯអ្នកបើកបរគោយន្តកែឆ្នៃ ឈ្មោះ ស៊ុន នៀ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ស្រុកបាកាន រង់ចាំចូលខ្លួនដោះស្រាយតាមការកោះហៅរបស់សមត្ថកិច្ចជំនាញ៕