ខេត្តកណ្តាល ៖នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្តើមចេញពីរថយន្តដឹកទំនិញរោងចក្រ ១គ្រឿង បែកកង់ក្រឡាប់កណ្តាលផ្លូវ បណ្តាលឲ្យរលំរបាំងពុះចែកទ្រូងផ្លូវ ១ផ្ទាំង ខណះដែលក្រុមស្ថាបនាផ្លូវបានមកពិនិត្យដោយចតរថយន្តអែបនិងរបាំងពុះចែកទ្រូងផ្លូវនោះ ស្រាប់តែរថយន្តដឹកខ្សាច់ ១គ្រឿងទៀត បើកជែងរថយន្តធុនធំ ១គ្រឿង ក៏ជ្រុល​មក​បុករុញទៅខ្ទប់នឹងរថយន្តដឹកទំនិញរោងចក្រ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ និងម៉ូតូនគរបាល ១គ្រឿង ផងដែរ។ ហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវលេខ២១បេ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពពីនគរបាល បានឲ្យដឹងថា រថយន្ដដែលរងការខូចខាតក្នុងហេតុការណ៍ខាងលើមាន ៣គ្រឿង ទី១.រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៌ស ពាក់សា្លកលេខ កណ្តាល 3A-0808 អ្នកបើកមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ រងការ​ខូចខាតធ្ងន់ធ្ងរ, ទី២.រថយន្តរបស់ក្រុមហ៊ុនស្ថាបនាផ្លូវ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ២៥-២-០៦១៧ អ្នកបើកបរឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុជាង ៤០ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្ត ស្នាក់នៅក្រុមហ៊ុនក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ចំណែករថយន្តទី៣. ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0315 អ្នកបើកបរពុំត្រូវបានស្គាល់ឈ្មោះនោះទេ និងម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគីឡេត ពណ៌ខៀវលាយស ពាក់ស្លាកលេខ នគរបាល 1-9168 ម្ចាស់ជាមន្ត្រីនគរបាលប៉ុស្តិ៍រកាខ្ពស់ រងការខូចខាតផងដែរ។

ក្រោយកើតហេតុ នគរបាលបានធ្វើកំណត់ហេតុនាំយកវត្ថុតាងរថយន្តខាងលើទៅរក្សាទុកនណៅអធិការដ្ឋានស្រុកស្អាង ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធី៕