ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង ៦ និង ២០នាទី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នេះ មានកម្មការិនីម្នាក់បានស្លាប់ និង ១៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីមានករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តដឹកកម្មករ បើកប៉ះជាមួយ​រថយន្តធុនធំដឹកដី ដែលហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅលើផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកកមកម្មករ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5411 មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង លុះទៅដល់ត្រង់ចំណុចដូចខាងលើ បានទៅប៉ះ​រថយន្ដ​ដឹកដី ១គ្រឿង ម៉ាក KIA ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 1. 3-5637 មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ ដែល​បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យគ្រោះថ្នាក់​ស្លាប់កម្មការិនីម្នាក់នៅហ្នឹងកន្លែងភ្លាមៗ និង ១៦នាក់ទៀត របួសធ្ងន់ស្រាល។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងវាស់វែង និងស្វែងរកមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ខាងលើដើម្បីដោះស្រាយគ្នានៅពេលក្រោយបន្ត៕