រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ៤ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកអូឌី ​គ្មានស្លាកលេខ ១គ្រឿង ធ្វើដំណើរមកដល់ចំណុចផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅ​បុក​ខឿនរង្វង់មូលវត្តភ្នំ រួចឡើងទៅបុកនិងដើមឈើ ១ដើម និងរបងសូនច្បារថែមទៀត បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អដែលមិនបង្កអោយមានមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ ដែលហេតុការណ៍នេះ កើតឡើង ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្ដិ៍វត្តភ្នំ បានចុះឃាត់អ្នកបើកបរនាំយកទៅប៉ុស្ដិ៍ ​ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកធ្វើការវាស់វែងរថយន្តបង្កខាងលើយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយជាមួយម្ចាស់រថយន្តបង្កតាមផ្លូវច្បាប់៕