រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់គេឃើញទាន់វាយទ្រោមខ្លួន រួចទើបប្រគល់អោយសមត្ថកិច្ច ក្រោយធ្វើសកម្មភាពចូលលួចម៉ូតូជនរងគ្រោះដល់ក្នុងផ្ទះ ខណៈដែលម្ចាស់​ទុកសោជាប់​នឹងម៉ូតូ ម៉ូតូនោះម៉ាកស្កូបពីពាក់ស្លាកលេខ ភ្នំពេញ 1BL.3672។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងនៅវេលាម៉ោង ២ និង ០០នាទី រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នេះ ស្ថិតក្នុងភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ស៊ូ សារី អាយុ ១៧ឆ្នាំ ភេទប្រុស មុខរបរ រើសអេតចាយ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ទិត្យ ប៉ានយ៉ា អាយុ ២៩ឆ្នាំ មុខរបរ លក់គ្រឿងសំណង់ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌមានជ័យ បន្តតាមនីតិវិធីនៃច្បាប់ រីឯម៉ូតូត្រូវបានប្រគល់​ជូន​ម្ចាស់​វិញ៕