ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បើកការស្រាវជ្រាវចាប់ខ្លួនបាន ក្រោយពីបានជះទឹកអាស៊ីតទៅលើស្ត្រីជាប្រពន្ធចុងដែលកំពុងជិះម៉ូតូចំកណ្តាលមុខឈប់ខាងមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ខៀវ វិសិដ្ឋសត្យា ហៅ ថៃយ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌឿន ស៊ុនណារ៉ា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រងរបួសធ្ងន់ត្រង់ផ្ទៃមុខត្រូវបានគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះគឺជាប្រពន្ធចុងរបស់ជនដៃដល់ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ក្នុងផ្ទះជួលខាងលើ រយៈពេល៥ឆ្នាំមកហើយ ដោយបុរសជាជនដៃដល់រូបនេះមានប្រពន្ធដើមដែលមានកូន៥នាក់ក្នុងបន្ទុកគ្រួសារ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធចុងបានជិះម៉ូតូចេញមកពីក្នុងផ្ទះក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ លុះដល់ចំណុចមុខផ្ទះខាងលើ ស្រាប់តែជនសង្ស័យជាប្តីបានធ្វើសកម្មភាពយកទឹកអាស៊ីតមកជះលើស្ត្រីរងគ្រោះបណ្តាលឲ្យរបួសពេញផ្ទៃមុខ និងរបួសត្រង់ដៃទាំងសងខាង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ក្រោយពីកើតហេតុសាច់ញាតិជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ រហូតដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនដៃដល់ជាប្តីខាងលើ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕