រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ១ និង ០០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០១៧​ មានករណីគ្រោះថ្នាក់ដ៍រន្ធត់មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៌ ១គ្រឿង បើកបុក និងកិនម៉ូតូ ១គ្រឿង អូសជិត ២០ម៉ែត្រ បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិក្បាលទំនប់  សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានអោយដឹងថា គេឃើញជនរងគ្រោះបើកម៉ូតូ ១គ្រឿង ម៉ាកសង់ឌ្រឹម០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CN-8100 បើកតាមបណ្តោយផ្លូវ៣៧១ លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៌ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A_0027 បើកក្នុងទិសដៅបញ្ច្រាសគ្នា ដោយរថយន្តបង្ករព្យាយាមវ៉ាជែងរថយន្ត ១គ្រឿងទៀត ទើបបានមកបុកម៉ូតូពេញទំហឹង បណ្តាលអោយអូសម៉ូតូប្រហែល ២០ម៉ែត្រ ចំណែកម្ចាស់ម៉ូតូពុំស្គាល់អត្ដសញ្ញាណទេបានរងរបួសធ្ងន់ ភ្លាមៗ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ ដោយឡែកម្ចាស់រថយន្តក្រោយពីបុកភ្លាមៗ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងយករថយន្ត រួមនិងម៉ូតូ យកទៅរក្សាទុកនៅចរាចរណ៍ក្រុង ដើម្បីធ្វេីការដោះស្រាយគ្នាពេលក្រោយ៕