ពោធិ៍សាត់៖ យ៉ាងហោចណាស់ ជនសង្ស័យប្រុសស្រី៦នាក់ ត្រូវតុលាការខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។

លោក លឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនត្រូវចោទដែលតុលាការឃុំខ្លួននោះរួមមាន៖ ទី១- ឈ្មោះ ជីវិត វណ្ណាវិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ(យោធា)។ ទី២- ឈ្មោះ ប៉េង ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវ៉ាញ(ជាងចម្លាក់)។ ទី៣- ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ មុខរបរលក់គ្រឿងញៀន។ ទី៤- ឈ្មោះ ពៅ ស៊ីនី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ មុខរបរលក់គ្រឿងញៀន។ ទី៥- ឈ្មោះ ហាំ ម៊ីហួរ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ (សិស្ស)។ ទី៦- ឈ្មោះ ឃុត រតនា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពេជ្របាន សង្កាត់រលាប ក្រុងពោធិ៍សាត់។

ក្នុងពេលបង្ក្រាបក្រុមជួញដូរនេះ សមត្ថកិច្ចខេត្តពោធិ៍សាត់ រឹបអូសបានថ្នាំញៀនទម្ងន់កន្លះគីឡូក្រាម ដោយឆ្មក់ចូលឆែកឆេផ្ទះជួលមួយកន្លែង កាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ក្នុងនោះមានថ្នាំគ្រាប់ពណ៌ក្រហម២គ្រាប់ និងថ្នាំក្រាមពណ៌ស មួយកញ្ចប់ធំ ទម្ងន់កន្លះគីឡូក្រាម, ឧបករជក់គ្រឿងញៀនមួយកំប្លេ, ម៉ូតូ៤គ្រឿង, ទូរស័ព្ទ៧គ្រឿង, ស្បោងវេចខ្ចប់មួយចំនួនធំ៕