ស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គ័ហ្គារឺ័សស ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប មានកម្មករកម្មការិនីរោងចក្រ ”សាន់រ៉ាយស៍” ចំនួន១៥៦២នាក់ ស្រី៤២០នាក់ ធ្វើកូដកម្មសូមទាមទារ១១ចំណុច៖

១. សូមអោយមានតំណាងកម្មករ ដើម្បីសម្របសម្រួលការងាររបស់កម្មករកម្មការិនី។ ២.ថ្ងៃអាទិត្យសុំកុំបង្ខំកម្មឲ្យធ្វើការថែមម៉ោង ត្រូវធ្វើការតាមស្មគ្រ័ចិត្ត និងថ្ងៃបុណ្យទានសុំប្រាក់បន្ថែម១ភាគ៣នៃប្រាក់គោល។ ៣.សុំបន្ថយចំនួនផលិត។ ៤.សូមគោរពសិទ្ធិកម្មករផង។ ៥.សុំច្បាប់កុំតឹងតែងពេក។ ៦.សូមឱ្យមានសហជីពនៅក្នុងរោងចក្រ។ ៧.សូមឱ្យមានម៉ោងសម្រាកបាយថ្ងៃត្រង់។ ៨.សូមកុំបញ្ឈប់អ្នកតវ៉ាក្នុងការិយាល័យ។ ៩.សូមគិតលុយវេនយប់ពេលថ្ងៃខុសគ្នា។ ១០.សូមឱ្យអ្នកពោះធំនិងអ្នកសម្រាលកូនចេញមុនម៉ោងធ្វើការកុំបញ្ឈប់ពួកគាត់។ ១១.សូមអោយមានលុយសុខភាព៥ដុល្លារក្នុងមួយខែ។

បើតាមតំណាងកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុនាំឲ្យកម្មករកម្មការិនីផ្ទុះធ្វើកូដកម្មមិនចូលធ្វើការនេះ ដោយសារថៅកែររោងចក្រ “សាន់រ៉ាយស៍” ដែលជាជនជាតិចិនបានរំលោភលើសិទ្ធិកម្មករ ហើយពេលតំណាងកម្មករធ្វើការតវាថៅកែចិនរូបនោះបានវាយទៅលើកម្មករម្នាក់ ដោយចោទថា កម្មកររូបនោះញុះញង់កម្មករកម្មការិនីឲ្យតវ៉ា​ និងគំរាមមកំហែងដល់កម្មករ ដែលតវ៉ា ថានិងបញ្ឈប់ការងារ។

ប្រភពពីកម្មករដដែលបន្តទៀតថា នៅក្នុងរោងចក្រ “សាន់រ៉ាយស៍” គ្មានតំណាងកម្មករ ទើបពិបាកនិងធ្វើការសម្របសម្រួលនៅពេលមានវិវាទ ឬមានករណីរំលោភលើសិទ្ធិរបស់កម្មករទើបទាមទារសុំឲ្យគណកម្មការដោះស្រាយវិវាទនៃក្រសួងការងារជួយដោះស្រាយនិងសូមទាមទារគោលការណ៍ ដែលជាសិទ្ធិរបស់កម្មករកម្មការិនីចំនួន១១ចំណុចខាងលើ ដើម្បីការពារសិទ្ធិកម្មករកម្មការិ​នី ក៏ប៉ុន្តែភាគីថៅកែចិនមិនយល់ព្រម។

ទាក់ទិនករណីកម្មករកម្មការិនីធ្វើកូដកម្មនេះដែរ លោក នួន សំបូរ នាយការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវវៈខេត្តស្វាយរៀង បានមានប្រាសន៍តាមទូរស័ព្ទនៅវេលាម៉ោង២៖៥០នាទីរសៀលថ្ងៃទី១១ថា ការសម្របសម្រួលដោះស្រាយវិវាទរបស់គណកម្មការដោះស្រាយវិវាទមិនទាន់ទទួលលទ្ធផលអ្វីទាំងអស់ ដែលកម្មករកម្មការិនីទាមទាចំនួន១១ចំណុចនោះ។

រហូតដល់ម៉ោង៣រសៀលថៅកែររោងចក្រ “សាន់រ៉ាយស៍” មិនទាន់ទទួល១ចំណុចណានៅឡើយទេ។ ហើយអ្វីគួរឲ្យសោកស្តាយនោះម្ចាសស់តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គឺ័ហ្គារឺ័សសមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្តាប់ ឬថតផ្តិតយករូបភាពឡើយ៕