ភ្នំពេញ៖ ស្រ្ដីម្នាក់ត្រូវបានកូនស្រីអាយុ១៧ឆ្នាំរបស់ខ្លួន ប្រកាសស្វែងកាលពីប៉ុន្មានថ្ងៃមុននោះ ឥឡូវនេះសំណុំរឿងត្រុវបានបំបែកហើយគឺជាករណីឃាតកម្ម មិត្ត សម្លាប់មិត្ត នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថានៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ។

ស្ដ្រីជាម្តាយឈ្មោះដែលបាត់ខ្លួន គឹម យ៉ានាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកនារីជនសង្ស័យពុំទាន់ស្គាល់អត្តសញ្ញាណទេ ពេលនេះកម្លាំងអាវុធហត្ថកំពុងតែឃាត់ខ្លួន និងធ្វើការសាកសួរ។

កូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើបានរៀបរាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១GP-9914 ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។
តាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅតែម្ដង។

ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ ជាមួយនេះកូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ៕ 

បាន​បង្ហោះ​ដោយ Sola Khang នៅ សុក្រ 7 មិថុនា 2019

បាន​បង្ហោះ​ដោយ Sola Khang នៅ សុក្រ 7 មិថុនា 2019