ប៉ៃលិន៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរប្រគល់ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន ពលី ជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រដូវប្រាំង លើកទី២ ដំណាក់កាលទី១៨ ចំនួន៧អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ស្ថិតនៅវត្តបរហ៊ុយ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកវរៈសេនីយ៍ឯក ត្រឹង ជីកុង ប្រធានក្រុមការងារអង្គភាព k73 ចំណុះយោធភូមិភាគទី៧ ខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K73 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍ អដិ្ឋធាតុកងទ័ពវៀតណាមដោយទទួលបានលទ្ធផលល្អ។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តប៉ៃលិន ដំណាក់កាលទី១៨ នេះ គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន ជាមួយខេត្តឡុងអាន ដោយមានផែនការរុករកអដ្ឋិធាតុចំនួន ១២ព័ត៌មាន ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។

គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់ លោកវរៈសេនីយ៍ឯក ទោ គឹមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិន បានឱ្យដឹងថា៖ កន្លងមកក្រុមការងារគណៈកម្មការរុករកជីកគាស់ធ្វើមាតុភូមិនិវត្តវៀតណាម ខេត្តឡុងអាន និងខេត្តប៉ៃលិនបានស្វែងរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានចំនួន ៩២អដ្ឋិធាតុ ហើយនៅ ដំណាក់កាលទី១៨ គឺចាប់អនុវត្តន៍ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ជាលទ្ធផលក្រុមការងារ បានរកឃើញអដិ្ឋធាតុ ចំនួន០៧នាក់ និងបន្តរុករកចំនួន ១២ព័ត៌មានបន្ថែមទៀត ដែលនៅសេសសល់(ក្រុងប៉ៃលិន ចំនួន០២ព័ត៌មាន និងស្រុកសាលាក្រៅ ចំនួន១០ព័ត៌មាន) សម្រាប់រដូវប្រាំង ដំណាក់ទី១៩ ដើម្បីធ្វើមាតុនិវត្តន៍ ទៅប្រទេសកំណើតវិញ៕ ញ៉ឹប បូរី ប៉ៃលិន 18-05-2019