ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ ដោយម្នាក់បាក់ជើង ម្នាក់បែកក្បាល បន្ទាប់ពីជិះម៉ូតូក្នុងសភាពស្រវឹង បុកឡើងទួលដែលមន្ទីរសាធារណៈការធ្វើដាក់កាត់ទទឹងផ្លូវ មុខសាលាបឋមសិក្សាជម្ពូវ័ន ហើយរេចង្កូតទៅបុកគូទរុឺម៉កម៉ូតូ ដែលចតតាមចិញ្ចើមផ្លូវពេញទំហឹង។

ហេតុការណ៍ខាងលើកើត បានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ជាប់ជើងស្ពានអាកាសថ្មើរជើង មុខសាលាបឋមជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះទាំង២នាក់មិនស្គាល់អត្តសញ្ញាណទេជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-1607 ក្រោយកើតហេតុត្រូវបានដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕