បន្ទាប់ពីមានការប្រកាសដំណឹងសន្ដិសុខជាតិបន្ទាន់មួយ ពីសម្តេចតេជោ ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ពេលនេះត្រូវបានសមត្ថកិច្ចបានចុះទៅបង្ក្រាប និងបិទជាបណ្ដោះអាសន្នហើយ ការអនុវត្តនេះ បានធ្វើឡើងនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះកម្លាំងនគរបាល ក៏បានឃាត់ខ្លួនប្រធានក្រុមហ៊ុន២នាក់ ប្តីប្រពន្ធ ជាជនជាតិម៉ាឡេស៊ីផងដែរ ដើម្បីយកទៅសួរនាំដើម្បីចាត់ការបន្តទៀត។

តាមប្រភពពីកម្លាំងនគរបាល បានអោយដឹងថា ក្រុមហ៊ុនGCG Asia Co., LTD ខាងលើអាចជាប់ព័ន្ធនឹងការលាងលុយកង្វក់ និងឆបោកលុយពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត តែយ៉ាងណានេះគ្រាន់តែចាការសន្និដ្ឋានបឋមនៅឡើយទេ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអោយដឹងថា កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានគរបាលជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាហើយ ដើម្បីសម្រេច ឈានទៅរកការបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះថៅកែក្រុមហ៊ុននោះ។

សូមបញ្ជាក់ថា៖  សម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងថាសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះ ក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ៕