ភ្នំពេញ៖  យុវជន៥នាក់ជិះម៉ូតូពីរគ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករុឺម៉កដឹកបន្លែមួយគ្រឿងបើកដោយបុរសម្នាក់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរឺម៉កក្រឡាប់ផ្ងាជើងម្ខាងរបួសធ្ងន់ទាំង៦នាក់ ។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧  ក្នុងសង្កាត់ស្ទឹងមានជ័យ១  ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់បើករឺម៉កដឹកបន្លែរមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលទៅផ្លូវបេតុងខណះនោះក៍មានម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DG-6971 ជិះដោយយុវជន៣នាក់និងមួយគ្រឿងម៉ាកសុយស៊ូគីនីកពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HI-8179ជិះដោយយុវជន២នាក់បើកប្រដេញគ្នាក្នុងល្បឿនលឿនបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតបុកពេញទំហឹងបណ្តាលឲ្យរឺម៉កក្រឡាប់ផ្ងាជើងម្ខាងនិងបណ្តាលឲ្យរងរបួសធ្ងន់ទាំង៦នាក់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុងហាក់ដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន៥នាក់និងរថយន្តសង្គ្រោះបន្ទាន់ក្លីនីករស្មីដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន១នាក់  ។  រីឯរឺម៉កនិងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករឺម៉កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់