ភ្នំពេញ៖ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា បុរសម្នាក់ ក្នុងសភាពក្រខ្សត់ អត់មានទ្រព្យសម្បត្តិនៅជាប់នឹងខ្លួន ហើយមានសភាពមិនប្រក្រតី ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកដួល មានស្នាមឈាមហូរកក្លាក់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមចិញ្ចើមផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទោះជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ហៅរករថយន្តសង្គ្រោះមកជួយដឹកយកទៅសង្គ្រោះអាយុជីវិតមនុស្សជាបឋមសិនក៏ដោយ ឡានពេទ្យឯកជន២-៣ មកដល់គ្រាន់តែក្រឡេកឃើញ មិនខ្ចីរវល់ជួយដឹកឡើយ អស់រយៈពេលជាច្រើនម៉ោង ដល់ម៉ោង៨ព្រឹក ត្រូវបានអ្នកស្គាល់ភ័ក្តិរួមការងារមកឃើញ ទើបដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ។

ជនរងគ្រោះមានឈ្មោះ ឆេង វុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅចល័តនៅតាមកន្លែងដែលធ្វើការងារ ស្នាក់នៅកន្លែងហ្នឹង មានស្រុកកំណើតភូមិត្រពាំងវែង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

បើតាមអ្នកស្គាល់ មកឃើញ ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយអះអាងថា ជនរងគ្រោះ ធ្លាប់មានជម្ងឺសរសៃប្រសាទទេ គាត់មានជម្ងឺរើធ្វើទុក្ខ ហើយបើតាមការអះអាងពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺសរសៃប្រសាទ បើកថ្នាំនៅមន្ទីរពេទ្យរុស្សីមកប្រើប្រាស់ ចំពោះស្នាម អារក របួសមុតនោះ សន្និដ្ឋានជនរងគ្រោះ យកវត្ថុមុតអ្វីមួយមកអារកខ្លួនឯង ព្រោះថា ជនរងគ្រោះគ្មានទ្រព្យសម្បត្តិអ្វីនៅជាប់តាមខ្លួនឡើយ ក្រខ្សត់ រកមួយថ្ងៃសម្រាប់រស់មួយថ្ងៃមិនចង់គ្រប់ផង៕