ប៉ៃលិន៖ នារីម្នាក់រៀបការមានប្តីរួចទៅហើយ តែមានចរិតកូនក្មេងនៅឡើយ និងចូលចិត្តលេងជាមួយតែកូនក្មេង។ លុះប្តីមើលទៅមិនសមភ្នែក ក៏ហាមប្រពន្ធមិនឲ្យលេងជាមួយបនភឿនសុទ្ធជាកូនក្មេងនោះ ស្រាប់តែនាងឈឺចិត្តស្អិតទ្រូង លែងចង់រស់តទៅទៀត ក៏លេបថ្នាំពុលប៉ងសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានក្រុមគ្រួសារប្រទះឃើញដឹកបញ្ជូនទៅមន្ទីរពេទ្យជួយសង្គ្រោះទាន់ពេលវេលា។

ករណីនារីវ័យក្មេងខឹងប្តីស្តីបន្ទោសលេបថ្នាំប៉ងធ្វើអត្តឃាតនេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។នារីរងគ្រោះខាងលើមានឈ្មោះសង់ សុនលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកសិករ សញ្ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះថ្វីបើមានប្តីរួចទៅហើយ តែនាងមានអត្តចរិតក្មេងខ្ចីនៅឡើយ ចូលចិត្តលេងជាមួយក្មេងក្មាងនៅក្នុងភូមិ ។ លុះបុរសជាប្តីមើលទៅមិនសមភ្នែក ក៏បានស្តីបន្ទោសណែនាំហាមប្រពន្ធមិនឲ្យនាងលេងជាមួយក្មេងៗតទៅទៀត ស្រាប់តែនាងឈឺចិត្តស្អិតទ្រូង ក៏ផឹកថ្នាំពុលប៉ងបញ្ចប់ជីវិត តែត្រូវបានក្រុមគ្រួសារប្រទះឃើញទាន់ពេល ដឹកបញ្ជូននារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរួចផុតពីសម្រេចស្លាប់៕