ព្រះ​សីហ​នុ​ ៖​ ករណីធ្វើសកម្មភាពប្លន់ម៉ូតូ ១គ្រឿង ពីនារីម្នាក់បានសម្រេច តែត្រូវសមត្ថកិច្ចសហការស្ទាក់ចាប់បាន ។ឃាត់ខ្លួនជនសង្ស័យបានកាលពី​វេលា​ម៉ោង​ ​១០ និង ៤០​នាទី ​ព្រឹក​ថ្ងៃ​ទី​៣០ ​តុលា​ ២០១៧​ ​ នៅ​ចំណុច​ផ្លូវ​ចុះ​ចំណោត​អាង​ក្រពើ​ចាស់​ ស្ថិតក្នុង​ក្រុម​ទី​១២​ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ។

លោក​វរសេនីយ៍ឯក ​ញ៉ែ​ត​ ភ័​ណ្ឌ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​​ភ្លាម​ លោក​ឧត្តមសេនីយ៍ត្រី ​កុ​ល​ ផា​លី ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​កម្លាំង​គ្រប់មុខ​ជំនាញ​ គ្រប់មុខ​ព្រួញ​ទាំងអស់​ ដែល​កំពុង​មាន​ភារកិច្ច​ល្បាត​តាម​ដងផ្លូវ​ សហការ​គ្នា​ដេញ​ស្ទាក់​ចាប់​មុខសញ្ញា​ជា​បន្ទាន់​។

ជាលទ្ធ​ផល​ រយៈពេល​ប្រមាណ​ ១០​នាទី​ក្រោយ​ សមត្ថកិច្ច​ក៏ដេញចាប់​មុខសញ្ញា​បាន​នៅ​ផ្លូវ​ចូល​ទៅ​ក្បាលឆាយ​ ស្ថិត​ក្នុង​សង្កាត់​លេខ​១ ​ក្រុងព្រះសីហនុ​ ដែល​ជនល្មើស​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចូល​ទៅ​តំបន់​នោះ​ និង​ចាប់​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​ហ្សូ​ម​មើ​ ១​គ្រឿង ​ជា​វត្ថុ​តាង​។

ជនសង្ស័យ​ឈ្មោះ​ អ៊ុ​ ពិសិដ្ឋ​ ភេទ​ប្រុស ​អាយុ​ ២៧​ឆ្នាំ​ មានស្រុក​កំណើត​នៅ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​​ មក​ធ្វើការ​សំណង់​ស្នាក់​នៅ​កន្លែង​ធ្វេ​ី​ការ​ ក្រុម​ទី​៣០​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​។

ចំណែកជន​រង​គ្រោះ​ឈ្មោះ ​សេង​ ស្រី​ពេជ្រ​ ភេទ​ស្រី ​អាយុ​ ១៧​ឆ្នាំ​ ផ្ទះ​នៅ​ក្រុម​១៧​ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ មុខរបរ​ ​សិក្សា​។​

នារី​រង​គ្រោះ ​បានប្រាប់​សមត្ថកិច្ច​ថា​ ពេល​ដែល​នាង​ជូន​បង​ទៅ​ធ្វើការ​ ក៏​បានឃើញ​ជនសង្ស័យ​នៅ​ឈរ​រ៉េ​រា​នៅ​ម្ដុំនោះ​ដែរ​ លុះ​ជិះ​ម៉ូតូ​ត្រលប់​មក​វិញ​ ស្រាប់តែ​ជនសង្ស័យ​ចេញ​មក​ស្ទាក់​យក​ដុំ​ថ្ម​គប់ នាង​ក៏បាន​គេច​ ហើយ​ដួល​ម៉ូតូ​ត្រូវ​របួស។​ ពេល​នោះ ជនសង្ស័យ​បាន​លើ​ក​យក​ម៉ូតូ​ជិះ​គេច​សំដៅ​មក​រ៉ា​ ផ្លូវជាតិ​លេខ​៤​ តែ​ម្តង​។

សមត្ថកិច្ច បានឲ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ ​អ៊ុ​ ពិសិដ្ឋ​ គឺធ្វើការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ចិន​ និង​ជា​អ្នកបើកបរ​ផង​។​ ចិន ​បាន​ប្រើ​អោយ​យក​ទូរ​ស័ព្ទ​ទៅ​ជួសជុល​ ហើ​យ​ជននោះ បាន​យក​ទូរ​សព្ទ័​របស់​ចិន ​ទៅ​បញ្ចាំ​ ក្រោយមក​គ្មាន​លុយ​ ដើ​ម្បី​លោះ​យក​ទូរ​សព្ទ​សង​ចិន​វិញ ក៏​បែកគំនិត​ប្លន់​ម៉ូតូ​តែ​ម្តង​៕