ភ្នំពេញ៖ នារីស្រលាញ់ភេទដូចគ្នា២នាក់ជិះម៉ូតូមួយគ្រឿងទៅទិញម្ជូរត្រូវបានរថយន្តស៊េរីទំនើប៥៧០ មិនចាំស្លាកលេខបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀតចតតាមចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បត្តិ៍ទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៩កែងនិងផ្លូវ១០៨ ខាងលិចផ្សារចាស់ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សៀត គ្រី ម៉ាស់ ភេទស្រី តែងខ្លួនជាប្រុស (ស្បៀន) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរធ្វើការនៅហាងអីនធើណែតមួយកន្លែងក្បែងកន្លែងកើតហេតុ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតស្រុកសួង ខេត្តត្បូងឃ្នុំ បច្ចុប្បន្នរស់នៅភូមិសំរោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ស្លាប់)។

ចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ ស្រ៊ុន សំបាត់ចរិយា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងអីនធើណែត ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិ ព្រែកស្វាយ ឃុំចុងពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង៕