ប៉ៃលិន៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យមើលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា ដែលមកពិនិត្យនឹងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាលក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១០/១១/១២ ខែឧសភា ឆ្នាំ២០១៩។

នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​កោត​សសើរ និងថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់​សុខ​មាល​ភាព​ប្រជាពលរដ្ឋនៅ​ខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះនៅ​ខេត្តប៉ៃលិនមាន​ការខ្វះ​ខាតនៅផ្នែកបច្ចេកទេស និងសម្ភារៈមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះ​នៅ​​​​​ពេលនេះបានក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ជួយព្យាបាលដល់​ប្រជាពលរដ្ឋ គឺជាការជួយសម្រួល​នូវ​បន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះឯកឧត្តម ក៍បានសំណូមពរ ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារសហការទាំងអស់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន បន្ថែមទៀត។ សូមបញ្ជាក់ថា៖ រយៈពេល ០៣ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា បានពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ បានចំនួន ២៥០នាក់ ដោយគោលដៅទី១-នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គោលដៅទី២-នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងគោលដៅទី៣-នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន៕ ដោយ ញ៉ឹប បូរី ប៉ៃលិន 13-05-2019