បាត់ដំបង៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់ ទៅ​តុលាការ​ពីបទ​ចែកចាយ​គ្រឿងញៀន ក្រោយពេល​ក​ម្លាំ​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួរ ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អន្លង់​ស្តី ​ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​។​

លោក តាត វី នាយការិយាល័យ​ស្តីទី​ការិយាល័យ​ប្រឆាំង​គ្រៃ​ង​ញៀន​ខេត្ត បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ គឺ​អនុវត្ត​នៅ​កន្លែង​ពីរ​ផ្សេងគ្នា​។ ដំបូង​នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២២​ខែមេសា នៅ​ចំណុច​ភូមិ​អន្លង់​ស្តី ឃុំ​បួរ​ស្រុក​ភ្នំព្រឹក សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហម ហ៊ីម ហៅ​ហើម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ICE) ចំនួន​បី​ថង់​ទម្ងន់​៣៥,៧១​ក្រាម កូន​ថង់​សម្រាប់​ច្រក​ថ្នាំញៀន និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក តាត វី បាន​បន្តថា លើក​ទី​២​ក្រោយពី​ទទួល​ចម្លើយសារភាព​របស់​ឈ្មោះ ហើម រួចមក និង​មានការ​អនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា សមត្ថកិច្ច​យើង​បាន​បន្ត​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ម៉ៅ មាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៩​កូន​ថង់ ទម្ងន់​៣,0៤​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១ លុយ​ខ្មែរ​ចំនួន​៨​លាន​រៀល លុយ​អាមេរិក​ចំនួន​១,៦៤២​ដុល្លារ លុយ​ថៃ​ចំនួន​៨,១៧០​បាត សម្ភារៈ​ស​ម្រា​នប់​វេច​ខ្ចប់ និង​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​

លោក​វរសេនីយ៍ទោ តាត វី នាយការិយាល័យ ស្តីទី​បាន​បញ្ជាក់ថា សរុប​ទាំងអស់​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ICE) ចំនួន​១២​ថង់​ទម្ងន់​៣៨,៧៥​ក្រាម​។ ជនសង្ស័យ​ទាំងពីរ​និង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាម​នីតិវិធី​៕