ព្រៃវែង៖ ជន​ត្រូវ​ចោទ ដែល​បាន​យក​កាំភ្លើង​កែច្នៃ បាញ់​មេឃ​មួយ​គ្រាប់ ព្រោះ​ឈ្លោះ​ជាមួយ​ប្រពន្ធ នៅ​ស្រុក​បាភ្នំ​នោះ ត្រូវបាន​លោក អ៊​ន ប៊ុនលី ចៅក្រម​ស៊ី​ប​សួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ចេញ​ដីកា ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ​។

មន្ត្រី​តុលាការ​ថ្លែងថា ជន​ត្រូវ​ចោទ​ឈ្មោះ យិន អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
​ត្រូវបាន​លោក អ៊​ន ប៊ុនលី ចៅក្រម​ស៊ី​ប​សួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ចេញ​ដីកា ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​។ ពីបទ​៖ ប្រើប្រាស់​នៃ​អាវុធ​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត​! តាម​មាត្រា​២០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​។​

លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ជនសង្ស័យ​ខាងលើ បាន​ប្រើប្រាស់​អាវុធខ្លី​កែច្នៃ មិនមាន​ម៉ាក​សញ្ញា​ពិតប្រាកដ បាន​បាញ់​១​គ្រាប់ ដើម្បី​គំរាម​ទៅលើ​ក្រុមគ្រួសារ​របស់ខ្លួន ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ទេ មូលហេតុ​មកពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​។​

​ក្រោយ​កើតហេតុ កម្លាំង​របស់លោក​បាន​ចុះ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ភ្លាមៗ ផងដែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕