កោះកុង៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩  កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងវែង នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងប្រឡាយទឹក រួមជាមួយនឹងម៉ូតូ ១គ្រឿង នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។

តាមរយៈការស្រាវជ្រាវ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំភូមិបាងកាយាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។

គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៩ ជនរងគ្រោះបានខ្ចីម៉ូតូរបស់មិត្តភក្តិឈ្មោះ ឯក លាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ១ដងទង់ ថាជិះមកបញ្ចុកបាយប្អូន នៅផ្ទះ ស្ថិក្នុងភូមិបាំងកាយាក ឃុំពាមក្រសោប ក្នុងស្ថានភាពស្រវឹងស្រា រួចក៏បាត់មិនឃើញមកវិញ លុះដល់ទៅសួរនៅផ្ទះ ក៏មិនឃើញដូចគ្នា ស្រាប់តែរំលងបាន ៤ថ្ងៃ ក៍ប្រទះឃើញសព នៅចំណុចកើតហេតុខាងលើ ។

ក្រោយធ្វើកោសល្យវិច្ច័យរួច សពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕