ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ធ្វើសកម្មភាពឆក់​កាបូប​លុយ​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់​បានសម្រេច​ ហើយ​ព្យាយាម​ជិះ​គេចខ្លួន ​តែ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ល្បាត​ឃើញ​ដេញចាប់បាន​ភ្លាមៗ​។​ ​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១០ ​ខែមេសា​ ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ទី​១ ​ឈ្មោះ​លឹម លាង​ហេង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាក​ដ ​រស់នៅ​ភូមិ​ថ្មគោល សង្កាត់ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ជនសង្ស័យ​ទី​២ ​ឈ្មោះ​ជាង​ សី ​ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ស្នាក់នៅក្បែរ​សាលារៀន​គោក​បញ្ជាន់ ភូមិ​ចោមចៅ​ទី​២ សង្កាត់ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ ZENG CHUN ភេទ​ស្រី​ អាយុ ៤២​ឆ្នាំ ​ជា​ជនជាតិ​ចិនដីគោក​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រគល់ឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣​សាកសួរ​និង​ឱ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​និង​ប្រគល់​លុយ​ដុល្លារ​ចំនួន​៣​ម៉ឺន​ដុល្លារ​និង​លុយ​ចិន​១.៥៦៦​យ៉េន​ ​ព្រមទាំង​សម្ភារមួយចំនួនទៀត​ឱ្យទៅ​ជនរងគ្រោះ​វិញ​គ្រប់​ចំនួន​ទាំងអស់​ ​និង​បន្ត​បញ្ជូនទៅ​អធិការនគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​តាមច្បាប់​៕