ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូមួយគ្រឿងក៏ត្រូវរថយន្ដបែនដឹកដីបុកពីក្រោយ និងអូសជាង ៥០ម៉ែត្របណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ ៣ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ចក់ សំណាង អាយុ ១៨ ឆ្នាំមុខរបរ នៅផ្ទះ ភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ូតូមិត្ដភក្រ័ម៉ាក ហុងដាឌ្រីម ស៊េរី ២០១៧ ជិះគ្នា២ នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ភូមិកើតហេតុក៏ត្រូវរថយន្ដបែនដឹកដីមិនចាំម៉ាកបុកពីក្រោយរួចអូសជាង៥០ម៉ែត្របណ្ដាលឲ្យបាក់កស្លាប់ម្នាក់ និង រងរបួសធ្ងន់ម្នាក់ត្រូវរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះរថយន្ដបែនដឹកដីបានបន្ថែមល្បឿនយ៉ាងលឿន ដើម្បីរត់គេខ្លួនពីកន្លែងកើតហេតុបាត់សម្រោលតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយសម្រួលចរាចរណ៍ដោយសារតែស្ថានភាពផ្លូវងងឹត និងទាក់ទងសមត្ថកិច្ចជំនាញខណ្ឌចុះទៅវាស់វែងធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕