ភ្នំពេញ៖ ដោយក្តីស្រឡាញ់ ស្នេហាចូលខ្លួន និងតូចចិត្តគូកំណាន់មិនព្រមមករួមរស់ជាមួយខ្លួនបន្តទៀត បុរសតែងខ្លួនជាស្រី បានផ្ទុះកំហឹងឈានដល់ប្រើហិង្សាជះទឹកអាស៊ីដដាក់ប្រុសស្នេហ៍ បណ្តាលឲ្យរងរបួសរលាករលួយលើដងខ្លួន និងផ្ទៃមុខ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ខណៈជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះ ដើម្បីសុំជួបចរចាអំពីបញ្ហាររស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទើបធ្វើឲ្យជនសង្ស័យខឹងជាខ្លាំង ហើយឈានដល់ការជះទឹកអាស៊ីតដាក់ជនរងគ្រោះ បណ្តាលឲ្យរបួសត្រង់ផ្ទៃមុខនឹងទ្រូងតែម្តង។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ករណីមនុស្សឃាតដោយចេតនា (ជះទឹកអាស៊ីត)នេះ បានកើតឡើងនៅចំណុចមុខសណ្ឋាគារឡឺម៉ុង អគារលេខ១៩៦ ផ្លវលេខ៣០៤ ក្រុម៣៩ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន មុខរបរ បុគ្គលិកសណ្ឋាគារឡឺម៉ង់ រងរបួសត្រង់មុខ នឹងទ្រូង ព្រមទាំងដងខ្លួន។ ចំណែកជនសង្ស័យមានឈ្មោះ ឡាច សោភ័ណ្ឌ ភេទប្រុស (បុរសតែងខ្លួនជាស្រី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ​ មុខរបរគ្មាន។

សូមជម្រាបថា ករណីជះទឹកអាស៊ីត បានលុបបំបាត់ស្ទើតែទាំងស្រុងទៅហើយ ដោយកម្ពុជាបានរឹតបន្តឹងច្បាប់ ហើយនេះជាករណីទី១ នៅក្នុងឆ្នាំ២០១៩ផងដែរ៕