ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចដែកបន្ទះ កាលពីវេលាម៉ោង២៖៣០នាទីយប់​ថ្ងៃទី១៥ មីនា ឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ១-ឈ្មោះ សុត ពុធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ២-ឈ្មោះ ប៊ូ សុខុម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈដកហូត ដែកបន្ទះសម្រាប់ចាក់បេតុង១សន្លឹក និងម៉ូតូសណ្តោងរឺម៉កសេរីចាស់គ្មានលេខ១គ្រឿង។

សមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហតុជនរងគ្រោះកំពុងដេកក្នុងការដ្ឋានសំណង់ចំណុចកើតហេតុខាងលើ បានឮសំឡេ​ងលើកដែក រួចជនរងគ្រោះបានចេញមកមើល ឃើញមានជនសង្ស័យ២នាក់ កំពុងលើកដែកបន្ទះខាងលើ ដាក់ក្នុងរឺម៉កម៉ូតូ ពេលនោះ​ជនរងគ្រោះហៅគ្នាមកជួយឃាត់ជនសង្ស័យទាំង២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕