ភ្នំពេញ៖ យុវជន២នាក់ ជិះកង់បីឥណ្ឌា(Pass App) ចេញពីក្លិបរ៉េន Rain លុះមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែក្មេងស្ទាវ​មួយក្រុម មានគ្នាប្រហែលជិត១០ម៉ូតូ ​ប្រដាប់ដោយដុំថ្ម​ និងខ្សែក្រវ៉ាត់ ជិះមកតាមពីក្រោយ មកធ្វើសកម្មភាព​គប់ទៅលើយុវជនទាំង២នាក់នោះ​ បណ្ដាលឲ្យយុវជនម្នាក់ ត្រូវចំថ្គាមមួយដុំថ្ម សន្លប់ស្ដូកស្ដឹង​លើកង់បី ហើយម្ចាស់កង់បី ​និងយុវជនម្នាក់ទៀត ស្ទុះរត់ចូលផ្ទះ​លក់ចាប់ហួយ ​រួចដេញតាមវាយគប់ដល់មុខផ្ទះ បណ្ដាលឲ្យត្រូវម្នាក់មួយដុំថ្ម​ និងត្រូវស្រី្តម្ចាស់ផ្ទះរងរបួសទៀត ហើយរត់ចេញមកវិញ​នាំគ្នាលួចយកទូរស័ព្ទនៅលើកង់បី​ និងយកទាំងសាំងទៅ៤ដបទៀត​ រួចជិះគេចខ្លួនបាត់ដោយសុវត្តិភាព​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះអន្តរាគមន៍ផងដែរ។

ករណីហិង្សាឆ្លៀតលួចយកទ្រព្យសម្បត្តិនេះ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃពុធ​ ទី៦ ខែកុម្ភៈ​ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង​ ទល់មុខរោងចក្រ​ ជិនមីយ៉ុង ស្ថិតតាមផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​៕