ស្វាយរៀង ៖ ចំការ​អំពៅស្ករ​ចំនួន​ប្រមាណ៨៣​ហិ​កតា ​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ស្ទើរ​សល់​តែ​ផេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុង​ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

ចំការ​អំពៅស្ករ​ខាងលើ​ជា​របស់​លោក​ កុយ សា​រ៉​ន ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ចំនួន​៥៧​ហិ​កតា ​និង​ជា​របស់​ក្រុមហ៊ុន សុ​ផាត សំណាង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ចំនួន​២៦​ហិ​កតា​ផង​ដែរ​។

បើ​តាម​លោក ​កុយ សា​រ៉េ​ន ជា​ម្ចាស់​ចំការ​អំពៅស្ករ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ កម្មករ​កំពុង​កាប់​អំពៅ និង​មាន​ម៉ាស៊ីន​ច្រូត​ក៏​កំពុង​តែ​ច្រូត​ផង​ដែរ ស្រាប់តែ​សុខ​ៗ​មាន​លេច​ជា​អណ្តាតភ្លើង​ឆាបឆេះ​ចម្ការ​អំពៅស្ករ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​ស្លឹក​អំពៅ​ហោះ​រាយ​ប៉ាយ​ពិបាក​គ្រប់គ្រង​ស្ថានការណ៍​ខ្លាំង​ណាស់​។

លោក​បាន​បន្ត​ទៀត​ថា ខណៈ​ភ្លើង​កំពុង​ឆាបឆេះ​នោះ ក្រុម​កម្មករ​នាំ​គ្នា​រត់​មក​ការដ្ឋាន​ដើម្បី​មក​យក​ត្រាក់ទ័រ​ភ្ជួរ​កាត់​ចំការ​អំពៅ និង​បាញ់​ទឹក​ពន្លត់​ដែរ ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ​ ដោយសារ​មាន​ខ្យល់​បក់​កួច​ហើរ​ស្លឹក​អំពៅ​ដែល​ឆេះ​មក​កាត់​ពីមុខ​ត្រាក់ទ័រ ហើយ​ការ​ឆាបឆេះ​នោះ​គឺ​លឿន​ពេក ធ្វើ​ឱ្យ​កម្មករ​រត់​ស្ទើរ​ពុំ​រួច​ផង​។

ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ៕