កំពង់ស្ពឺ៖ កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២-៣៣ ត្រង់ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8838 សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-1150 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​លិចទៅ​កើត លុះ​បើក​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១០០(​កូរ៉េ​) ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សាន វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ស្ពឺ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​រថយន្ត និង​ម៉ូតូ​ទាំង​០២​គ្រឿង ត្រូវបាន​នគរបាល​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕