ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងបើ​ករ៉ឺម៉កកង់ពី​ Pass​ App ធ្វើ​ដំណើ​រតាមផ្លូវ​ បែរជាត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកលឿនដូចហោះ​ មកបុកចំពី​ចំហៀងឆ្វេងខាងក្រោយពេញមួយទំហឹង បណ្ដាលឲ្យPass App ខ្ទាតទៅបុកផ្ទប់ជាប់ដើ​មឈើ​​ និងបុកប្រអប់កុងតាក់ភ្ជាប់ចរន្តភ្លើ​ងបំភ្លឺផ្លូវ​ បាក់ខ្ទេច​ដាច់ចរន្តភ្លើ​ងបំភ្លឺផ្លូវព្រះនរោត្តម​ ងងឹតឈឹង និងបុរសម្ចាស់រ៉ឺម៉កPass App​ ផ្លោងបោកនឹងក្បាលថ្នល់ រងរបួសធ្ងន់​ បែកក្បាល​ហូរឈាមទាំងថ្លុក។

​បុរសម្ចាស់កង់បីដែលរងរបួសធ្ងន់​ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​។ចំណែកឯរថយន្តបង្ក​បន្ថែមលឿនបើ​ករត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវព្រះនរោត្តម មុខក្លោងទ្វារបុរីចំការមន សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ៕