​ព្រៃវែង​៖ ​បុរស​ជា​ឪពុក​បាន​ស្លាប់​ឯ​កូនស្រី​បាន​របួសធ្ងន់​ខណៈពេល​ជិៈ​ម៉ូតូឌុប​កូនស្រី​ទៅ​សាលា​ហើយ​ត្រូវ​រថយន្ត​ដឹក​ស៊ី​ប្រូ​ក្រឡាប់​ជះ​បោក​ទៅលើ​ម៉ូតូ​ដល់​ទៅ​២​គ្រឿង​។ ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​៣១២​ ចំណុច​ភូមិ​ពា​នី​ឃុំ​ល្វា​ ស្រុក​ព្រះស្ដេច ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៧ ​ខែធ្នូ​ឆ្នាំ​២០១៨​។​

ប្រភពព័ត៌មាន​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​HYUNDAI​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-3785 ជា​ប្រភេទ​រថយន្ត​កែច្នៃ ឡើង​តោន និង​ដឹក​ស៊ី​ប្រូ​ពេញ បើក​ដោយ​ជន​មិន​ស្គាល់ឈ្មោះ (​គេច​បាត់​)​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​កន្លែងកើតហេតុ​បាន ជែង​ជាមួយ​រថយន្ត​ផ្សេង ដោយ​បួង​ចង្កូត​ជ្រុល​មក​ខាងឆ្វេង ផុត​ថ្នល់​កៅស៊ូ ហើយ​ប្រឹង​បួង​មកវិញ យោល​ក្រឡាប់​បះជើង ។​

​ប្រភព​បាន​បន្តថា​ពេល​ក្រឡាប់​ជះ​ស៊ី​ប្រូ​និង​រថយន្ត​សង្កត់​ម៉ូតូ​២​គ្រឿង​។​ម៉ូតូ​ទី​១​ម៉ាក​HONDADREAMC125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI-4532 បើក​ដោយ​ឈ្មោះ អាន ថា​ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ពា​នី​ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​(​ស្លាប់​នៅ​កន្លែង​)​។​ ជនរងគ្រោះ​កំពុង​ឌុប​កូនស្រី​ឈ្មោះ ស៊ីម​វុ​ទ្ធា អាយុ​១៨​ឆ្នាំ​(​បាក់ជើង​ម្ខាង​ខាងឆ្វេង​) ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​។​

​ម៉ូតូ​ទី​២ ម៉ាក​HONDA​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ប 9896 ភ ព ១​បើក​ដោយ​ឈ្មោះ លន់ ម៉ានិត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ពា​នី​ឃុំ​ល្វា​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​។​ករណីនេះ​បណ្តាល​ឱ្យឈ្មោះ​អាន​ថា​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​កូនស្រី​បាក់ជើង​ម្ខាង​ឯ​ម្នាក់ទៀត​រងរបួស​ស្រាល​។​

​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​រត់គេច​បាត់​ទើប​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​និង​វាស់វែង​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ នឹង​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​ពេទ្យ​គ្លី​និ​ច​ល្វា​ចំណែក​រីឯ​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែង​កើត រង់ចាំ​រថយន្ត​ស្ទួ​ច មក​ស្ទូច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ល្វា​៕