ព្រះសីហនុ៖ បុរសម្នាក់ក្លែងបន្លំប្រើប្រាស់ឯកសណ្ឋានជាមន្រ្តី​នគរបាលជាតិ ចូលលួចសម្ភារៈមានតម្លៃរបស់ភ្ញៀវនៅក្នុងបន្ទប់ ត្រូវបាន​កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងពាក់ព័ន្ធផ្សេងទៀត ធ្វើការលោមព័ទ្ធចាប់ខ្លួនបានភ្លាមៗ។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុង​ផ្ទះសំណាក់ ចំប៉ីផ្សារលើ ស្ថិតនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ម្ចាស់ផ្ទះសំណាក់បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ពាក់ឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពចូលលួចសម្ភារៈមានតម្លៃរបស់ភ្ញៀវគាត់នៅក្នុងបន្ទប់ ពេលគាត់មកទាន់ ជនសង្ស័យបានរត់ផ្លោះចូលទៅក្នុងធនាគារ ABA ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចសហការគ្នា ធ្វើការលោមព័ទ្ធជុំវិញបរិវេណកន្លែងកើតហេតុ រួចធ្វើការរុករកជនសង្ស័យ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ខណៈ​ដែលកំពុងសម្ងំ​លាក់ខ្លួននៅក្នុងធុងទឹក ជាន់ខាងលើនៃផ្ទះសំណាក់ ចំប៉ីផ្សារលើ។

ជនសង្ស័យឈ្មោះ សេង វិឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។

វត្ថុតាងចាប់បានរួមមាន ៖ -ម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ទឹកមាស គ្មានស្លាកលេខ -វិទ្យុទាក់ទង ១គ្រឿង -ឆ្នាំងសាកវិទ្យុទាក់ទង១គ្រឿង -ឯកសណ្ឋាននគរបាល២ឈុត -អាវរងាពណ៌ខ្មៅ ដៃវែង មានអក្សរ POLICE ចំនួន១ -ស្បែកជើងកវែង១គូ -ប័ណ្ណសម្គាល់យានយន្ត១សន្លឹក -សោរថយន្ត១ -សោម៉ូតូ១ -ម៉ាឡែត១ -ទល់រវីស២ -ដង្កាប់១ -សោអូតូ១ -ដបទឹកសម្រាប់ប្រើប្រាស់គ្រឿងញៀន១ និងសំបុត្រកំណើត១។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ នៅពេលដែលកម្លាំងសមត្ថកិច្ច កំពុងលោមព័ទ្ធជុំវិញបរិវេណកន្លែងកើតហេតុ ជនសង្ស័យបានរត់ផ្លោះចូលទៅក្នុងធនាគារ ABA ហើយឡើងទៅជាន់ខាងលើ រួចបើកដំបូលធនាគារ ABA ផ្លោះមកជាន់លើនៃផ្ទះសំណាក់ ចំប៉ីផ្សារលើ វិញ បន្ទាប់មកគេបានចូលទៅសម្ងំ​លាក់ខ្លួននៅក្នុងធុងទឹក ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕