សៀមរាប​៖ ការបង្ក្រាបនេះធ្វើឡើងកាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​ នៅចំណុច​ផ្សារ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ។​

​លោក​អ៊ឹង វុ​ធារ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បានឲ្យដឹងថា ការបង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុស​ច្បាប់​នេះ កម្លាំង​រដ្ឋ​បាល​​​ព្រៃឈើ ដកហូត​បាន​សត្វ​អណ្តើក​ចំនួន​៧៣​ក្បាល មាន​ទម្ងន់​៤៧៨​គីឡូក្រាម និង​សត្វ​អន្សង ចំនួន​៥៣​ក្បាល មាន​ទម្ងន់​២១៩​គីឡូក្រាម ព្រមទាំង​ដកហូត​បាន​មធ្យោបាយ​ដឹកជញ្ជូន​នូវ​រថយន្ត​ម៉ាក​តូយ៉ូតា​ហា​យឡេន​ឌ័​រ មួយគ្រឿង ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បាន​ទទួលស្គាល់ ក្នុង​ចុះ​បង្ក្រាប​បទល្មើស​នេះ អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់ ហើយ​សត្វព្រៃ​ទាំង​នោះនឹង​ត្រូវ​យក​ទៅលែង​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ ៕