ភ្នំពេញ​៖ ស្ត្រី​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វីនោះទេ បានសម្រេច​ចិត្ត​ដើរមក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា ក្នុង​គោលបំណង​បញ្ចប់ជីវិត​របស់ខ្លួន តែ​សំណាងល្អ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​អ្នកនេសាទ​ត្រី ចេញ​ទូក​ជួយសង្គ្រោះ​ទាន់ពេលវេលា​។ កាលពី​វេលា​ម៉ោង ១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​ចំណុច​ស្ពាន​ជ្រោយចង្វា សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ដែលប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​មានឈ្មោះ វែង ស្រី​ម៉ៅ អាយុ ៣៦​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ​ស្វាយ​តានី ស្រុក​ស្អាង ខេត្តកណ្តាល និង​មានកូន​ប្រុស​អាយុ ១​ខួប​ជាង​។​

​ប្រភពព័ត៌មាន​ពី​បងប្រុស​ម្នាក់​ដែលជា​អ្នករស់នៅ​ជិតខាង បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ បាន​រៀបការ​មួយ​បុរស​ម្នាក់​និង​មានកូន​ប្រុស​ម្នាក់​អាយុ ១​ខួប​ជាង ហើយ​ក៏បាន​លែងលះគ្នា​ទៅវិញ​។ ក្រោយមក ស្ត្រី​រងគ្រោះ​ខាងលើ ក៏មាន​បញ្ហា​ជំងឺ​ចិត្ត​ផ្លូវចិត្ត​តែម្តង​។​

​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ រូបគាត់​បានលឺ​សំលេង​ទឹក ខណ​:​ពេលនោះ ឃើញ​មាន​ដៃ​មនុស្ស​ស្រី​ហែល ភ្លាមៗ រូបគាត់​ក៏បាន​ចេញ​ទូក​នេសាទ​ជួយសង្គ្រោះ​ស្ត្រី​រងគ្រោះ​ខាងលើ​ទាន់ពេលវេលា​។

​ក្រោយមក រូបគាត់​បាន​ដឹកយក​ស្ត្រី​រងគ្រោះ​ខាងលើ​មកដល់​ច្រាំងទន្លេ ហើយក៏​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​នៅ​គោលដៅ​ការពារ​ស្ពាន​ទី​៣ និង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​បងប្អូន មក​ទទួលយក​ស្ត្រី​រងគ្រោះ​ខាងលើ ត្រឡប់ទៅផ្ទះ​វិញ​៕