សៀមរាប៖ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋក្របួចបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព​កាច់សោកម៉ូតូមួយគ្រឿង នៅមុខផ្សារដំដែក ខេត្តសៀមរាប ។

ជនសង្ស័យឈ្មោះ ឆែម ម៉ៅ ហៅ គក់ ភេទប្រុស អាយុ៣៩ឆ្នាំ មាន​ទីលំនៅភូមិ គោកតាងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ម្ចាស់ម៉ូតូ​ឈ្មោះ ឈិន មុំ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅភូមិ ដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់​បានជិះ​ម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៨ពណ៌ខ្មៅ មិនទាន់ធ្វើស្លាកលេខ មកផ្សារដំដែក ហើយបានទុកផ្ញើនិងគេ រួចដើរចូលផ្សារ បន្ដិចក្រោយមកជនសង្ស័យ​ខាងលើ បានដើរចូលទៅតម្រង់ម៉ូតូ ហើយកាច់សោកតែម្តង  ពេលនោះអ្នកជិតខាងឃើញទាន់ ក៏ស្រែកឆោឡោឡើងនាំគ្នាចាប់ជាប់បានភ្លាមៗតែម្ដង។

ក្រោយកើតហេតុ​ជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនយកទៅ​សាកសួរនៅ​អធិការដ្ឋាន។ ក្រោយពេលសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាច់សោកម៉ូតូខាងលើប្រាកដមែន ខណៈដែលសមត្ថកិច្ច​បានដកហូតសម្ភារៈកាច់សោកម៉ូតូមួយសម្រាប់ផងដែរ៕