ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូជ្រុលទៅបុកកន្ទុយរុឺម៉ករថយន្តកុងតឺន័រខាងក្រោយបណ្តាលឲ្យដាច់បំពង់ក ស្លាប់ភ្លាមៗនៅកន្លែងគួរអោយរន្ធត់ជាទីបំផុត។ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឆន ព្រីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្នុងការដ្ឋានសំណង់ ភូមិ ស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិ ត្រពាំងជ្រៃ ឃុំក្រសាំង ស្រុក រមាសហែក ខេត្តស្វាយរៀង ។ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4237 ជាមធ្យោបាយ ។

ចំណែករថយន្ត ប្រភេទកុងតឺន័រ ម៉ាក FREIGHTINER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-6837 និងកន្ទុយខាងក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-1573 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុឃើញសភាពមិនស្រួលបានរត់គេចខ្លួនបាត់ស្រមោល៕