កំពត៖ កាលពី​វេលាម៉ោង៨និង៣០នាទីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៨ បុគ្គលិក ក្រុមហ៊ុនលីហួរវេលុយម្នាក់ ត្រូវបាន​កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ឆបោកលុយ) កាលពីថ្ងៃ២០ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រុងកំពត  ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាបុគ្គលិក ក្រុមហ៊ុនលីហួរវេលុយ ប្រចាំក្រុងកំពត ស្រុកទឹកឈូ ខេត្តកំពត និងខេត្តកែប មានទីលំនៅ ភូមិកំពុងបាយខាងត្បូង សង្កាត់កំពុងបាយ ក្រុងកំពត ខេត្តកំពត។

មន្រ្តីអាវុធហត្ថដដែលបន្តថា កន្លងមក ជនសង្ស័យ ត្រូវបានក្រុមហ៊ុន លីហួរវេលុយទុកចិត្ត ឲ្យ​ដើរធ្វើតេស្តមាស៊ីនវេលុយនៅចំណុចទីតាំងខាងលើ ហើយក្នុងពេលត្រួតពិនិត្យនោះ ភ្នាក់ងារទាំងអស់ មានសេចក្តីទុកចិត្ត ក៏បណ្តោយជនសង្ស័យ​ត្រួតពិនិត្យម៉ាស៊ី​ន ដោយមិនបានត្រួតពិនិត្យឡើងវិញ។ ជាឱកាស ជនសង្ស័យកើតចិត្តលោភលន់ បែកគំនិតធ្វើសកម្មភាពលួចលេខកូដ ចុចផ្ញើសារទៅខ្ចីលុយក្រុមហ៊ុន ពេលនោះក្រុមហ៊ុន បានវេលុយ មកតាមម៉ាស៊ីន ភ្នាក់ងារចំនួន១២ម៉ាស៊ី​នស្មើ១២នាក់  ដែលជនសង្ស័យ​បានលួចដឹងលេខកូដ ដើម្បីដកប្រាក់ សរុបចំនួន ២៨០០០ដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដើម្បីកសាងសំណុំរឿងបញ្ជូលតុលាការចាត់ការតាមនីតិវិធីច្បាប់៕