ភ្នំពេញ៖ ​កាល​ពី​វេលា​ម៉ោង​២៣​និង​១៥​នាទី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​រថយន្ដ​កាមរី​ហាយ​ព្រី​ធ​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​យុវជន​ និង​យុវនារី​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​ធ្ងន់ធ្ងរ​។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​6R ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ប្រភព​ព័​ត៌​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ជនរងគ្រោះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​R6​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ដ​បង្ក​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​បណ្ដាលឱ្យ​ម៉ូតូ​អូស​ជាប់​រថយន្ដ​ប្រហែល​១០០​ម៉ែត​ធ្វើឱ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​រងរបួស​ធ្ងន់​។​

ប្រភព​ដដែល​បាន​បន្តថា​រថយន្ដ​បង្ក​ម៉ាក​កាមរី​ហាយ​ព្រី​ធ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2P-9222 ។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ZoomerX ព​ណ៍ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FX-9674 ជិះ​ដោយ​យុវជន​និង​យុវនារី​ពីរ​នាក់​រងរបួស​ធ្ងន់​។

ក្រោយពី​បង្កហេតុ​ម្ចាស់​រថយន្ដ​បាន​បើកទ្វារ​រថយន្ដ​ចុះ​រត់គេចខ្លួន​តែ​ត្រូវ​សន្តិសុខ​ឃាត់​បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​។ រីឯ​រថយន្ដ​បង្ក​និង​ម៉ូតូ​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕