ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានជនសង្ស័យជិះម៉ូតូ ជាច្រើនគ្រឿងច្រើនគ្នា បានធ្វើសកម្មភាពដេញវាយប្លន់យកម៉ូតូ បានសម្រេច កាលវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុច ជិតស្ថានីយប្រេងសាំង សូគីម៉ិច ច្រមុះជ្រូករង្វង់មូលទួលគោកចាស់ តាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមាន ឈ្មោះ ថឿន  បុុនថុន អាយុ២៣ឆ្នាំ  ជនជាតិខ្មែរ  មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ មានស្រុកកំណើត ស្អាងព្រែកតូច  ខេត្តកណ្តាល និងមិត្តភ័ក្តដែលជិះពីក្រោយមាន ឈ្មោះ ផុន ណារ៉ុង អាយុ ២៥ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ ជាមួយគ្នា មានស្រុកកំណើត រស់នៅ សង្កាត់កាបូល ខណ្ឌពោធិ៍សែនជ័យ។ បាត់បង់ម៉ូតូម៉ាក ឌ្រីមមសង់ ស៊េរី២០១៥  ពណ៌ខ្មៅ  ពាក់ស្លាកលេខ កំពង់ចាម 1S-4596 ។

តាមសម្តីយុវជនរងគ្រោះបានប្រាប់ថាមុនដំបូងពួកគាត់បានចេញពីក្លិបអូរ៉េន ខារ៉ាអូខេ នៅម្តុំផ្សារដីហុយ ក្នុងគោលបំណងទៅជួបសង្សារ ដោយជិះម៉ូតូជិតគ្នា២នាក់ តាមបណ្តោយផ្លូវ៦០៨ ទិសដៅពីលិចទៅកើត  ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យមួយហ្វូងជាច្រើនម៉ូតូដេញវាយ ។

ជនរងគ្រោះបានបន្តទៀតថា មិនដឹងយកអ្វីមកវាយចំក្បាលគាត់បែកចេញឈាម នោះទេបណ្តាលឲ្យដួលម៉ូតូ ហើយពួកគាត់បានរត់ចោលម៉ូតូ ពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិះចេញទៅតាមស្ពានអាកាស៥មករាបាត់ស្រមោល៕