ភ្នំពេញ៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ កក្កដា ២០១៨ យុវជន៣នាក់ មាន​ម្នាក់​របួស​ធ្ងន់ធ្ងរ និង​ពីរ​នាក់​ផ្សេងទៀត បាន​ស្លាប់​ទន្ទឹមគ្នា​នៅលើ​ថ្នល់​យ៉ាង​អាណោចអាធ័ម​បំផុត បន្ទាប់ពី​ពួកគាត់​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​គ្នា​ចេញពី​រាំលេង​ក្លឹប​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ ចំណុះ២តោន​កន្លះដឹកអំបិល ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវជន​រងគ្រោះ ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ រួមមាន ទី១ឈ្មោះ ស៊ិន សុភា អាយុ២១ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គោក​ត្រប់ ឃុំ​គោក​ត្រប់ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។ រីឯ​ជនរងគ្រោះ​ដែល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ទៀត​នោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។

ពួកគេ​មាន​គ្នា៦នាក់ ជិះ​ម៉ូតូ២គ្រឿង (មួយគ្រឿង​ជិះ​គ្នា៣នាក់) បាន​ចេញពី​រាំលេង​នៅ​ក្លឹប​នៅ​ម្ដុំ​ចោមចៅ ហើយ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង បំណង​ត្រឡប់ទៅផ្ទះ​វិញ។ ខ​ណះ​ជិះ​ជិត​ដល់​កន្លែងកើតហេតុ ភាគី​ម្ខាង ដែល​ជិះ​ម៉ូតូ១គ្រឿង​ឌុប​គ្នា៣នាក់ បាន​ឈប់​បត់ជើងតូច ហើយ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1W-8828 ដែល​ជនរងគ្រោះ៣នាក់ ជិះ​បន្តទៅ​មុខមុន តែ​អកុសល​បែរជា​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយពណ៌​ស ពាក់​ស្លាក​លេខ តា​កេវ 3A-1622 ដែល​ដឹក​អំបិល​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​ជាមួយ​រថយន្ត​ស្លាប់២នាក់ នៅនឹងកន្លែង និង​ម្នាក់ទៀត រងរបួស​ធ្ងន់។

ក្រោយពេល​កើតហេតុភ្លាមៗ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូតដល់​វិទ្យាល័យ​ពងទឹក ទើប​ឈប់​រថយន្ត​ទុកចោល ហើយ​អ្នកបើកបរ​ចុះ​គេចខ្លួន​បាត់ស្រមោល។ ចំណែក​ជនរងគ្រោះ​រង​របួសធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យភ្លាមៗផងដែរ ៕