ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ​កែវ​ វណ្ណ​ថន ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រាប់អោយដឹង​ថា​ប៉ូលិសអន្តោប្រវេសន៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១២០​គីឡូក្រាម​ស្មើនឹង​១២០​ដុំ​ ចេញពី​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​មធ្យោបាយ​រថយន្ត​ក្រុង​។​ ក្នុងការ​បង្ក្រាប​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ចំនួន​បីនាក់​។​

លោក​បាន​បញ្ជាក់ថា ក្រោយពី​បង្ក្រាប គឺ​ប៉ូលិសច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​អញ្ជើញ​តំណាង​ពាក់ព័ន្ធ មានដូចជា អង្គភាព​គយ ប្រធាន​ស្នាក់ការ និង​តំណាង​អង្គភាព​គ្រឿងញៀន​។ ជា​លទ្ធផល​បាន​បញ្ជាក់​ថា គ្រឿងញៀន​ដែល​បង្ក្រាប ជា​ប្រភេទ​គ្រឿងញៀន​ម៉ា​ទឹកកក អ៊ិ​ច​ស្ដា​ហ្ស៊ី ចំនួន​១២០​គីឡូក្រាម យកចេញ​ពី​ឡាវ​ចូលមក​កម្ពុជា​។

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ការបង្ក្រាប បានអោយដឹងថា នៅរសៀលថ្ងៃទី២៦ខែមិថុនាថា បុរសជនសង្ស័យ​ទាំង​បី​នាក់ ដែល​ឃាត់ខ្លួន​មានឈ្មោះ​ដូចជា ១.​ឈ្មោះ ឈាវ ធា​រ៉ូ  អាយុ​៣៥​ឆ្នាំ​។ ២.​ហែម សាវ៉ន  អាយុ​៣៥​ឆ្នាំ និង​ទី​៣.​ឈ្មោះ ធា​វ តុង​ហេង  អាយុ​៣៧​ឆ្នាំ​។ ចំពោះ​ករណីនេះ ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានប្រគល់​សង្ស័យ​ទាំង​បី​នាក់ ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​លោក​អភិបាលខេត្ត ដើម្បី​មាន​ចំ​ណាត​ការ​តាមផ្លូវ​ច្បាប់​។ ​​ចំណែក​​​អ្នក​បើកបរ​រថយន្តក្រុង(តៃកុងឡាននិងអ្នកបកប្រែ)មានដូចជា ១.​ឈ្មោះ ញឹម សុខ​ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។ ២.​ឈ្មោះ សៅ ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ទី​៣.​ឈ្មោះ ស បុ​ប្ជា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​។

ការ​ឃើញ​ថ្នាំញៀន​ដ៍​ច្រើន​នោះ​គឺបាន​នាំចេញ​ពី​ប្រទេស​ឡាវ​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​២៦​ ខែមិថុនា ២០១៨​ដោយ​​កម្លាំង​នៅ​ច្រកចេញចូល​អន្តរជាតិត្រពាំងក្រៀល ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ ប៉ូលិស​កំពុង​សកម្ម​ក្នុង​សំណុំរឿង​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ​៕​