​ភ្នំពេញ៖ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់ និង​គ្រឿងញៀន​ជិត​១​គីឡូក្រាម ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ​ស្ត្រី​រូបនេះ​ឈ្មោះ ណៃ ផា​រី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ​១៣ ផ្លូវ​លេខ​៣​បេ​តេ​ភូមិ​ចម្រើន​ផល​សង្កាត់​បឹងទំពន់​ទី​១ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ស្ត្រី​ជា​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមាន​ការសម្របសម្រួល ពី​លោក លោក អ៊ុ សុភ​ក្កិ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​មុខផ្ទះ​សំណាក់​យីហោ ណា រ៉ាវី សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​១១​កញ្ចប់​ធំ មាន​ទម្ងន់​៧៣៦.២៦​ក្រាម និង​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន លក់ដុំ និង​រាយ​ចំនួន​១​គ្រឿង​៕