ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ឃាត់ខ្លួន កាលពីម៉ោ​ង​៣រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីនារីរូបនេះលួចយកលុយថ្លៃជួលបន្ទប់ខុនដូជិត១ម៉ឺនដុល្លារ។

កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានឲ្យដឹងថា នារី​សង្ស័យឈ្មោះ ចាន់ លីលក្ខិណា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកទទួលភ្ញៀវខុនដូ យីហោលំនៅដ្ឋានសុភមង្គល ដែលមានទីលំនៅ​ផ្ទះជួល ផ្លូវលេខ១៣BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យ​ដឹងថា ​ការឃាត់ខ្លួននារីខាងលើនេះ ពីបទរំលោភលើទំនុកចិត្ត (យកលុយថ្លៃជួលបន្ទប់ខុនដូរចំនួន៩៥៨០ដុល្លារ) កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខុនដូរយីហោលំនៅដ្ឋានសុភមង្គលផ្ទះលេខ៩០ ផ្លូវលេខ១៩BT ភូមិសន្សំកុសល៥​ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះឈ្មោះ លឹម ចាន់ដារ៉ានី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ ​ស្នាក់នៅផ្ទះលេខ០៨ ផ្លូវលេខ២០ សង្កាតបឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ (តំណាងឲ្យម្ចាស់ខុនដូរយីហោលំនៅដ្ឋានសុភមង្គល)។

​បច្ចុប្បន្ននារី​សង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បី​កសាង​​​​សំណុំ​រឿងចាត់ការតាមនីតិវិធី៕