ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បាន បើកសវនាការកាត់ទោស ជនជាប់ចោទ ជា ហោរ ជំនាញទាយ កាប់មិនមុត ដុតមិនឆេះ ដែលល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក រហ័សនាម ហោរាអាគ្គីនេត្រ ពាក់ព័ន្ធសំណុំរឿង ជួញដូរគ្រឿងញៀន។

លោក រៀល សុភិន ជាតំណាងអយ្យការសវនាការបានចោទប្រ កាន់ លើជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ភេទប្រុស ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការ ជនជាប់ចោទ ហោរា អាគ្គីនេត្រ បានសារភាពថា សកម្មភាពរបស់ខ្លួនកន្លងមកជា អំពើបោកប្រាស់ ដោយសារតែខ្លះលុយចាយ និងបង់ថ្លៃផ្ទះជួល ខ្លួនបាន សម្រេចបន្ថែមមុខរបរថ្មី មួយទៀត គឺជួញដូរគ្រឿងញៀន ប៉ុន្តែទីបំផុត ក៏ត្រូវជាប់គុកដោយសារ មុខរបរថ្មីនេះ។

គួររំលឹកថា ជនជាប់ចោទ ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។ ក្រោយដេញដោលចប់ តុលាការសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ៕