ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង២៥នាទីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ រថយន្តស៊េរីទំនើបមួយគ្រឿងបើក បោះពួយយ៉ាងលឿនរួចក៏បានរ៉េចង្កូតទៅខាងឆ្វេងទៅបុកនិងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតចំនួនបីកង់និងរងរបួសតៃកុងឡានបែកក្បាលភ្លាមៗក៏មានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្តោយផ្លូវ១៩៣ កែងផ្លូវម៉ៅសេងទុង ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកកាមរីហាយប្រីដ ពណ៌ខ្មៅស៊េរី ០៧ ពាក់ស្លាកលេខ ភ្នំពេញ2P-2835 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាព ស្រវឹង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕